ពិព័រណ៍ឧស្សាហកម្មកម្ពុជា អន្តរជាតិ
ពិព័រណ៌ឧស្សហកម្មសំណង់កម្ពុជា ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយសមាគមអ្នកសាងសង់កម្ពុជាក្នុងពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំរបស់សមាគម។ ការតាំងពិព័រណ៌នេះគឺចង់បង្ហាញ និងផ្សព្វផ្សាយពីផលិតផលសំណង់គ្រប់ប្រភេទ និងបច្ចេកវិទ្យាសាងសង់ទំនើបៗដែលកំពុងមានដាក់លក់ និងអនុវត្តនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ពិព័រណ៌នេះមានសមាជិករបស់សមាគមបានចូលរួមយ៉ាងគគ្រឹកគគ្រែង ដើម្បីដាក់តាំងផលិតផលរបស់ក្រុមហ៊ុននីមួយៗមានជាច្រើនប្រភេទសុទ្ធសឹងជាសម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់មានគុណភាពល្អៗ ទំនើបៗ ដែលនាំចូលពីបណ្តាប្រទេសនានាលើពិភពលោកមិនតែប៉ុណ្ណោះក៏មានការចូលរួមដាក់តាំង និងលក់អចលនទ្រព្យ និងកិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យសំណង់ដូចជា ធនាគារ ការធានារ៉ាប់រង។ល។ ការរៀបចំដាក់តាំងពិព័រណ៌នេះមានការសហការ និងគាំទ្រពីស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើនដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា ហើយក៏មានការចូលរួមពីសហព័ន្ធអ្នកសាងសង់អាស៊ានដែរ និងសហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិចផងដែរ ។
ពិធីនេះសមាគមមានគម្រោងអញ្ជើញឱ្យចូលរួមប្រជុំមហាសន្និបាត និងទស្សនាពិព័រណ៌នូវភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាប្រធាន ឬអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននានាដូចជា ក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ កុ្រមហ៊ុនអចលនទ្រព្យ ម្ចាស់គម្រោងសាងសង់សំណង់បុរី សំណង់អគារស្នាក់នៅរួម ( Apartment, Condo ) សំណង់រោងចក្រ សណ្ឋាគារ និងជាពិសេសអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវឧកញ៉ា ដែលជាវិនិយោគិនធំៗ និងលោក-លោកស្រី ដែលជាម្ចាស់គម្រោងសាងសង់សំណង់ផ្សេងៗ ហើយអ្នកមានធនធានច្រើន និងវិស្វករ ស្ថាបត្យករ អ្នកចាត់ចែងគ្រប់គ្រងទូទៅក្នុង ការដ្ឋានសំណង់ដែលកំពុងប្រតិបត្តិការសាងសង់នៅតាមបណ្តាការដ្ឋានសំណង់ និងក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធជាច្រើនរូបទៀតដើម្បី ចូលរួមក្នុងកម្មវិធីនេះ។ ហើយក៏មានការអញ្ជើញរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាភ្ញៀវគណៈអធិបតីដើម្បី ថ្លែងសុន្ទរកថា និងភ្ញៀវកិត្តិយសផ្សេងៗមកពីស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធមួយចំនួនទៀត។ល។ ភ្ញៀវជាតិ និងអន្តរជាតិទាំង អស់ដែលនឹងអញ្ជើញឱ្យចូលរួមទស្សនាពិព័រណ៌នេះសុទ្ធតែជាអ្នកដែលមានលទ្ធភាព និងតម្រូវការទិញ-លក់ ឬអ្នកចែកចាយ ឬអ្នកស្វែងរកដៃគូវិនិយោគ អ្នកមានជំនាញ និងអ្នកប្រកបការងារសំណង់ដែលមានតម្រូវការរកទិញសម្ភារៈអស់ទាំងនេះ ។
ព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះតាមរយៈពិព័រណ៌នេះបានបង្ហាញនូវសម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រ និងបច្ចេកវិទ្យាសំណង់ទំនើបៗដែលមានគុណភាព និងមានស្តង់ដារ ហើយដែលបានយកមកដាក់លក់នៅលើទីផ្សារ និងប្រើប្រាស់ក្នុងការសាងសង់សំណង់នៅកម្ពុជាធ្វើឱ្យសំណង់ដែលមាននៅកម្ពុជាបានបង្ហាញលក្ខណៈទំនើប គុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាពល្អដែលជាការបង្ហាញឱ្យឃើញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា ។ សូមអរគុណ !