ប្រវត្តិរបស់សមាគមអ្នកសាងសង់កម្ពុជា
ដោយមានការរីកចំរើន និងការអភិវឌ្ឍន៍ឥតឈប់ឈរលើវិស័យសំណង់ ដែលជាវិស័យសេដ្ឋកិច្ច ទី៤បន្ទាប់ពីវិស័យវេយ្យាណភ័ណ្ឌ កសិកម្ម និងទេសចរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វិស័យសំណង់ គឺជាវិស័យមួយរីកចំរើនគួរឱ្យកត់សំគាល់ វិស័យនេះបានធ្វើឱ្យរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនផ្លាស់ប្តូរសោភ័ណភាពគួរឱ្យគយគន់ និងកត់សំគាល់ មិនតែប៉ុណ្ណោះបានធ្វើឱ្យពិភពលោកកោតសសើរ ស្ញប់ស្ញែងលើការអភិវឌ្ឍន៍វិស័យសំណង់នេះនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានធ្វើឱ្យសហព័ន្ធអ្នក
សាងសង់អាស៊ាន ( ASEAN Constructors Federation-ACF ) ដែលបានកកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៨៥ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នមានសមាជិកចំនួន ៨ ប្រទេសគឺ កម្ពុជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ ថៃឡង់ដ៏ វៀតណាម និងមីយ៉ាន់ម៉ា។
សហព័ន្ធអ្នកសាងសង់អាស៊ាននេះបានឃើញពីភាពរីកចំរើន និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាបែបនេះ ក៏បានធ្វើការអញ្ជើញភាគីកម្ពុជាដែលជាសមាជិកក្នុងសហគមអាស៊ានទាំង១០នោះ ឱ្យចូលរួមក្នុងសហគមអ្នកសាងសង់អាស៊ានរបស់ខ្លួន ដោយពេលនោះប្រទេសកម្ពុជាពុំទាន់មានសមាគមអ្នកសាងសង់ដែលជាវិស័យផ្នែកឯកជននៅឡើយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានស្នើឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាស្ថាប័នរដ្ឋទទួលខុសត្រូវលើវិស័យសំណង់ទៅចូលរួមប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ ជាបន្តបន្ទាប់មកតាំងពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ខណៈពេលនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជូនមន្ត្រីមួយរូបទៅចូលរួមការប្រជុំលើកទី២៩ របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធអ្នកសាង សង់អាស៊ាននៅប្រទេសថៃឡង់ដ៏ ទីក្រុងបាងកក។ ក្រោយពីបានចូលរួមប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ តាមការអញ្ជើញចំនួនពីរលើករួចមក សហព័ន្ធអ្នកសាងសង់អាស៊ានបានស្នើសុំឱ្យភាគីកម្ពុជា រៀបចំបង្កើតសមាគមអ្នកសាងសង់ឡើងដើម្បីចូលជាសមាជិករបស់គេ។ ពេលនោះឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានណែនាំ និងឯកភាពឱ្យរៀបចំបង្កើតគណៈកម្មការ មួយក្នុងក្រសួងដែលគណៈកម្មការនេះមានចំនួន១៤រូប ដើម្បីរៀបចំបង្កើតសមាគមអ្នកសាងសង់កម្ពុជានេះ ឡើង។ ដើម្បីឆ្លើយតបតាមសំណូមពរ និងចូលរួមចំណែកជាមួយសហគមអាស៊ានទាំង១០ក្នុងនាមប្រទេសកម្ពុជាជាសមាជិកដែរ។
ក្នុងខណៈនោះគណៈកម្មការរៀបចំបង្កើតសមាគមអ្នកសាងសង់កម្ពុជារបស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំរៀបចំចងក្រងឯកសារគតិយុត្តដូចជា លក្ខន្តិកៈរបស់សមាគម ឡូហ្គោសំគាល់សមាគម និងឯកសារផ្សេងៗដែលពាក់ព័ន្ធ ដោយមានការរៀបចំប្រជុំពិភាក្សាកែសម្រួលជាច្រើនលើកច្រើនសារ ទាំងជាមួយសមាជិករបស់គណៈកម្មការផង និងជាមួយក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ចំនួន៣០ក្រុមហ៊ុនដែលជាក្រុមហ៊ុនអ្នកស្ថាបនិកផង។ រហូតមកដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រុមហ៊ុនដែលជាអ្នកស្ថាបនិកចំនួន៣០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុន អូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន ( Oversea Cambodian Investment Corporation-OCIC ) ជាអ្នកទទួលខុសត្រូវទាំងស្រុងលើការចំណាយផ្សេងៗ ក្នុងការរៀបចំពិធីមហាសន្និបាតលើកទី១របស់សមាគម អ្នកសាងសង់កម្ពុជានេះឡើងបានយ៉ាងរលូន និងជោគជ័យ ។
អង្គមហាសន្និបាតនេះបានធ្វើការអញ្ជើញក្រុមហ៊ុនទូទៅជាង៣០០ក្រុមហ៊ុន ភាគច្រើនជាក្រុមហ៊ុន សំណង់ ដើម្បីចូលរួមប្រារព្ធពិធីមហាសន្និបាតបង្កើតសមាគមអ្នកសាងសង់កម្ពុជានេះឡើង។ ពេលនោះមហា សន្និបាតបានបោះឆ្នោតឯកភាពជាឯកច្ឆ័នលើលក្ខន្តិកៈរបស់សមាគម និងជ្រើសរើសអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអគ្គលេខាធិការ និងសមាជិកមួយចំនួនទៀតដូចក្នុងរចនាសម្ព័ន្ធរបស់សមាគមអាណត្តិទី១ ដើម្បីដឹកនាំរៀបចំ និងចាប់ផ្តើមដំណើរការការងាររបស់សមាគមតាមច្បាប់ជារៀងរហូតមក។ សមាគមអ្នកសាងសង់កម្ពុជាគឺជាសមាគមក្រៅរដ្ឋាភិបាល មិនធ្វើនយោបាយ មិនរកផលចំណេញ និងអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺជាសមាគមបម្រើឱ្យវិស័យសំណង់ និងអ្នកសាងសង់ ហើយជាសមាគមស្របច្បាប់តែមួយគត់ដែលបានទទួលស្គាល់ និងចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ និងសមាជិកនៃសហព័ន្ធអ្នកសាងសង់អាស៊ានបានឯកភាព និងសម្រេចចុះបញ្ជីឈ្មោះសមាគមអ្នកសាងសង់កម្ពុជាជាសមាជិកពេញសិទ្ធិក្នុងសហព័ន្ធអ្នកសាងសង់អាស៊ាននាឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៣របស់ខ្លួននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១១ នៅទីក្រុងប៉ូរ៉ាហ្គាយ ប្រទេសហ្វីលីពីន ៕
សមាគមអ្នកសាងសង់កម្ពុជាក៍បានចូលជាសមាជិករបស់សមាគមសហព័ន្ធអ្នកសាងសង់អន្តរជាតិអាស៊ីនិងប៉ាស៊ីហ្វិចខាងលិចដែលបច្ចុប្បន្នមានសមាជិក ១៩ ប្រទេសដូចជាប្រទេស អូស្ត្រាលី បង់ក្លាដែស កម្ពុជា ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ប៊ូតាន ម៉ាល់ឌីវ ម៉ុងហ្គោលី នេប៉ាល់ ញូហ្សេលឡែន ហ្វីលីពីន សិង្ហបុរី ស្រីលង្កា តៃវ៉ាន់ និង ប្រទេសថៃនៅថ្ងៃទី ៦ខែកុម្ភះ ឆ្នាំ ២០១៥ នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។
សមាគមអ្នកសាងសង់កម្ពុជាក៍បានចូលជាសមាជិករបស់សមាគមសហព័ន្ធអ្នកសាងសង់អន្តរជាតិអាស៊ីនិងប៉ាស៊ីហ្វិចខាងលិចដែលបច្ចុប្បន្នមានសមាជិក ១៩ ប្រទេសដូចជាប្រទេស អូស្ត្រាលី បង់ក្លាដែស កម្ពុជា ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ប៊ូតាន ម៉ាល់ឌីវ ម៉ុងហ្គោលី នេប៉ាល់ ញូហ្សេលឡែន ហ្វីលីពីន សិង្ហបុរី ស្រីលង្កា តៃវ៉ាន់ និង ប្រទេសថៃនៅថ្ងៃទី ៦ខែកុម្ភះ ឆ្នាំ ២០១៥ នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។